ដាកា ៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងការអត្ថាធិប្បាយមួយជាលើកដំបូងកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា លោកស្រី Hasina ក៏បានឆ្លៀតទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងកាលពីសប្ដាហ៍មុន ទៅលើគណបក្សប្រឆាំងធំៗ២ គឺគណបក្ស Bangladesh Nationalist Party និង Jamaat-e-Islami ។
បើតាមទិន្នន័យពីខាងមន្ទីរពេទ្យថា មនុស្សយ៉ាងហោច ១៤៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងក្រុមបាតុករ និងប៉ូលិស អំឡុងបាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុនមក។ ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវក្នុងរដ្ឋធានីដាកា (Dhaka) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពី តុលាការកំពូលបង់ក្លាដែស យល់ព្រមបញ្ចុះកូតាជ្រើសរើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី៥៦ភាគរយ មកនៅត្រឹម៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯក រាជ្យឱ្យប្រទេសជាតិ ៕
a
