Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

អាជីវករដែលលក់ដូរនៅផ្សារព្រៃព្នៅ បានរុះរើបណ្តើរៗហើយបន្ទាប់ពីរដ្ឋាបាលស្រុកពារាំងចេញសេចក្តីជូនដំណឹងជាលើកទី៣នេះ 

ព្រៃវែង៖ ដោយមានការយកចិត្តទុកដាក់ពីគណ:បញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញដើម្បីរៀបចំសណ្តាប់ធ្នាប់ សោរភ័ណ្ឌភាព អនាម័យ និងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ អោយមានរបៀបរៀបរយ រដ្ឋាបាលស្រុកពារាំងក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលជាអាជីវករលក់ដូរក្នុងផ្សារព្រៃព្នៅអោយធ្វើការរុះរើទៅលក់នៅកន្លែងថ្មីដែលអាជ្ញាធរបានកំណត់ដោយច្បាប់ទាំងអស់គ្នា។

បន្ទាប់ពីរដ្ឋាបាលស្រុកពារាំងបានចេញសេចក្តីជូនដំណឹងដល់បងប្អូន អ៊ុំ ពូ មីង ដែលជាអាជីវករលក់ដូរនៅផ្សារព្រៃព្នៅជាលើកទី៣នេះ ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥នេះឃើញថាអាជីវករដែលលក់ដូរនៅផ្សារព្រៃព្នៅដែលមានទីតាំងស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានរុះរើតូបនិងសំយ៉ាបតាមមុខផ្ទះរបស់ពួកគាត់ជាបណ្តើរៗទៀតហើយ ដោយពួកគាត់បានទទួលជ្រាបនូវសេចក្តីជូនដំណឹងរបស់រដ្ឋាបាលស្រុក ក៏ដូចជាការពន្យល់ណែនាំអំពីបញ្ហាកកស្ទះដែលធ្វើអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណ:នៅទីតាំងខាងលើនេះ។

ក្នុងនោះដែរដោយមានការឯកភាពពីគណ:បញ្ជាការឯកភាពខេត្ត រដ្ឋាបាលស្រុកពារាំងក៏បានចេញសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចតទៅ: ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ពារាំង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាបាលស្រុកពារាំងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ នៅតាមចិញ្ចើមផ្លូវសាធារណៈ ជាពិសេសនៅចំណុចតាមចិញ្ចើមផ្លូវផ្សារព្រៃព្នៅចាស់ ដោយពិនិត្យឃើញថាបងប្អូនអាជីវករមួយចំនួន បានរៀបចំកន្លែងលក់ដូរនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ របៀបរៀបរយ នឹងមានការកកស្ទះចរាចរណ៍ ទន្ទឹមនឹងនេះផងដែរក៏មានបងប្អូនអាជីវករចំនួន៩០%បានស្តាប់តាមការណែនាំ សេចក្តីជូនដំណឹងលើកទីពីរនិងការចុះអនុវត្ត របស់រដ្ឋាបាលស្រុកពារាំង ប៉ុន្តែនៅមានបងប្អូននិងអាជីវករមួយចំនួនតូច មិនចូលរួមអនុវត្តនិងការណែនាំរបស់រដ្ឋាបាលស្រុកនៅឡើយ។

ដូចនេះដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ រដ្ឋាបាលស្រុកពារាំង សូមអោយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើចិញ្ចើមផ្លូវ មិនទាន់រួសរើតូបឬយ៉ាបនៅលើចិញ្ចើមផ្លូវ សូមអញ្ជើញរុះរើតូបឬយ៉ាប់ចេញឲ្យអស់ ឬទៅលក់នៅទីតាំងផ្សារដែលអាជ្ញាធរបានកំណត់ដោយច្បាប់ទាំងអស់គ្នា។ រដ្ឋបាលស្រុកទុក្ខរយៈពេលចំនួន៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥។ ដើម្បីផ្តល់លទ្ធភាពជូនបងប្អូនអាជីវករ ក្នុងការរៀបចំទៅលក់ដូរក្នុងទីតាំងផ្សារ ដែលកំណត់ដោយច្បាប់ទាំងអស់គ្នា។ ក្នុងករណីដែលបងប្អូនអាជីវករមួយចំនួនតូចមិនរុះរើអាជ្ញាធរនិងចុះរុះរើចំពោះការខូចខាតនិងបាត់បង់សម្ភារៈផ្សេងៗ អាជ្ញាធរមិនទទួលខុសត្រូវឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអាជីវករលក់ដូរ នៅលើតាមចិញ្ចើមផ្លូវសាធារណៈ គោរពតាមសេចក្តីជូនដំណឹងខាងលើ និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គួររំលឹកផងដែរថាកន្លងមកទីតាំងខាងលើនេះមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលធ្វើអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយសាធរណ: ជាពិសេសនារដូវបុណ្យទាន និងរដូវវស្សាក៏មានទឹកដក់តាមចិញ្ចើមផ្លូវ រីឯសំរាមក៏ស្អុយរលួយខ្លះផងដែរនៅតាមដងផ្លូវមួយនេះដែលជាហេតុធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះជួបការលំបាកយ៉ាងខ្លាំង។

ដូច្នេះអាជ្ញាធរភូមិ ឃុំ ស្រុក សង្ឃឹមយ៉ាងមុតមាំចំពោះបងប្អូនអាជីវករដែលលក់ដូរនៅទីតាំងចាស់ខាងលើនេះនិងរុះរើទៅលក់ដូរនៅទីតាំងផ្សារថ្មីដែលកំណត់ដោយច្បាប់ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាពុំខាន៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ពលរដ្ឋប្រមាណ...

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...