តាកែវ — រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់។
យោងតាមរបាយការណ៍ នៅថ្ងៃទី១នៃបុណ្យទន្លេ មានអ្នកទេសចរចូលរួមប្រមាណជាង១០ម៉ឺននាក់ ខណៈថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការ ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់ទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។

–
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា ជោគជ័យដ៏ត្រចះត្រចង់នេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត។
គួរជំរាបជូនដែរថា បន្ទាប់ពីខេត្តតាកែវ បុណ្យទន្លេនៅឆ្នាំក្រោយ ពោលគឺបុណ្យទន្លេលើកទី១០ នឹងត្រូវរៀបចំនៅខេត្តពោធិ៍សាត់៕
