ព្រះសីហនុ៖ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកម្សាន្ដតាមតំបន់ឆ្នេរសមុទ្រ តាមបណ្ដាកោះ និងរមណីយដ្ឋានជាច្រើនកន្លែងទៀត នៅខេត្តព្រះសីហនុ សរុបចំនួន ៤២៩.៤៥២នាក់ ថយចុះ២៩,៩៣% ក្នុងនោះ ភ្ញៀវជាតិ ៤១៦.៦៦៣នាក់ ថយចុះ៣០,៦៦% ភ្ញៀវបរទេសសរុប១២.៧៨៩នាក់ កើនឡើង៦,៨៩%។
បើតាមរបាយការណ៍ពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ថា៖
ក.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៤២៦.២៧៤នាក់ ថយចុះ២៩,៩៦% ក្នុងនោះ
• ភ្ញៀវជាតិ៤១៥.១៨៤នាក់ ថយចុះ៣០,៦៣%
• ភ្ញៀវបរទេស១១.០៩០នាក់ កើនឡើង៩,៧០%
ខ.ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិចំនួន០៨ជើង កើនឡើង០២ធៀបនឹងឆ្នាំមុន មានភ្ញៀវសរុប ៦៣៩នាក់ កើនឡើង១២២,៦៤% ក្នុងនោះ៖
. ភ្ញៀវជាតិ ១៣នាក់ កើនឡើង៤៤,៤៤%
. ភ្ញៀវអន្តរជាតិ៦២៦នាក់ កើនឡើង១២៥,១៧%
គ. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប២.៥៣៩នាក់ ថយចុះ៣៦,៧១% ក្នុងនោះ
• ភ្ញៀវជាតិ១.៤៦៦នាក់ ថយចុះ៣៩,៧៦%
• ភ្ញៀវបរទេស១.០៧៣នាក់ ថយចុះ៣២% ។
លោកប្រធានបន្តថា ចំពោះមូលហេតុដែលធ្វើឲ្យភ្ញៀវមានការថមថយនៃឆ្នាំ ២០២៥នេះ គឺបណ្ដាលមកពីកត្តាផ្សេងៗ ដូចជាឆ្នាំនេះ នៅខេត្តសៀមរាប មានការរៀបចំពិធីសង្ក្រាន្តធំ ក៏ដូចជាតាមបណ្ដាខេត្តនានា ក៏បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនេះ យ៉ាងច្រើនផងដែរ។ ឯកត្តាបន្ទាត់បន្សំមួយទៀត គឺអាចបណ្ដាលមកពី ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាក់ទងទៅនិងការគ្រោះរញ្ជួយដី និងព្យុះរលកទឹកសមុទ្រ។
ពាក់ព័ន្ធទៅនិង បញ្ហាសន្តិសុខ គឺមានភាពល្អប្រសើរពុំមានបញ្ហាអ្វីកើតឡើងនោះទេ ទាំងបទល្មើសចោរកម្ម និងក្រុមក្មេងទំនើង។
ដោយឡែកបញ្ហាសំរាម គឺមានការប្រឈមបន្តិចបន្តួចដោយសារបងប្អូនភ្ញៀវទេសចរណ៍មួយចំនួន ដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ពុំទាន់បានយល់ច្បាស់អំពីការទុកដាក់សំរាម ធ្វើឲ្យសំរាមជាច្រើននៅរាយប៉ាយតាមផ្លូវនានា តាមបណ្ដោយឆ្នេរ ប៉ុន្តែបើទោះបីជាជួបបញ្ហាប្រឈមបន្តិចបន្តួចក្តី ក៏អាជ្ញាធរក្រុងបានខិតខំអស់ពីកម្លាំងកាយចិត្ត បានប្រមូលយ៉ាងល្អក្រោយពិធី នាថ្ងៃនីមួយៗ៕ ដោយ ដែនសមុទ្រ
