មណ្ឌលគិរី : ដោយមានការបន់ស្រន់តាមប្រពៃណីជនជាតិដើមភាគតិចផង កាលពីព្រឹកថ្ងៃទី២៤ ឧសភា នេះ ពលរដ្ឋខ្មែរក៏ដូចជា បងប្អូនជនជាតិដើរភាគតិចពូនងជាច្រើននាក់តំណាងឲ្យ ១៣៣ គ្រួសារ បានទទូចឲ្យព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ ខណៈដែលផ្ទះសំបែង និងដីធ្លីដែលពួកគាត់អាស្រ័យផលជាយូរឆ្នាំមកហើយនៅចំណុចភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ត្រូវបានបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ ឃុបឃិតធ្វើប្លង់រំលោភយក ។
ពួកគាត់បានលើកឡើងថា លិខិតលេខ ៣៤៥០ដនស/ខុទ្ទ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ចុះហត្ថលេខាដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលឯកភាពតាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ ឲ្យមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៤ ក្បាលដីទៅឱ្យឈ្មោះ ឈាង ប៉ាក់សួរ និងក្រុមគ្រួសារ ដោយសំអាងថា ពុំមានអ្នកប្ដឹងជំទាស់នោះ គឺជារឿងមិនពិត ជារឿងភូតកុហក់ ។ ជារឿងភូតកុហក់ត្រង់ថា តាំងតែពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ សំណុំរឿងដីធ្លីរបស់ពួកគាត់ជាមួយ ឈាង ប៉ាក់សួរ កំពុងបន្តដោះស្រាយដោយគណៈកម្មការដោះស្រាយវិវាទថ្នាក់ខេត្តនៅឡើយ ហើយនៅក្នុងការដោះស្រាយជាច្រើនលើកមកនោះ ឈ្មោះ ឈាង ប៉ាក់សួរ ក៏គ្មានភស្តុតាងអ្វីសំអាងសូម្បីបន្តិចពីភាពជាម្ចាស់ដីនោះដែរ ។
លើសពីនេះ ផ្ទៃដីដែលមាននៅក្នុងផែនទី និងចំណុចនិយាមកាទាំងអស់ ដែល ឈាង ប៉ាក់សួរ អះអាងថា ជារបស់ខ្លួនគឺជាដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលក្រសួងកសិកម្មបានធ្វើសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនអ៊ូជីសាន និងក្រុមហ៊ុន ហូរលីង (ខេមបូឌា) ដោយមិនទាន់ធ្វើអនុបយោគកាត់ឆ្វៀលនៅឡើយ ។ ម្យ៉ាងទៀតដោយមានការស្នើសុំពីឯកឧត្តម វ៉េង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មតាមរយៈលិខិតចុះថ្ងៃទី១៣ មករា ឆ្នាំ ២០២១ គណរដ្ឋមន្ត្រីក៏បានចេញលិខិតលេខ៣៨សជណ .កធ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២១ ចុះហត្ថលេខាដោយឯកឧត្តម ខូយ ឃុនហួរ ដោយមោឃភាពចោលទាំងអស់រាល់ លិខិតទិញ-លក់កាន់កាប់ផ្ទៃដីខាងលើ ដែលចុះហត្ថលេខាទទួលស្គាល់ដោយអាជ្ញាធរ ។ បើយ៉ាងនេះតើ ឈាង ប៉ាក់សួរ មានសំអាងអ្វីតាមនីតិវិធីដើម្បីឈានទៅបានវិញ្ញាបនបត្រជាម្ចាស់កម្មសិទ្ធិអចលវត្ថុនោះ ?
ក្នុងស្ថានភាពបែបនេះក្រុមប្រជាពលរដ្ឋបានទទូចឲ្យថ្នាក់ដឹកនាំប្រទេសជួយអន្តរាគមន៍រកយុត្តិធម៌ដោយមោឃភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលពុំមានភាពប្រក្រតីទាំងនោះចោល ហើយចុះពិនិត្យលទ្ធភាពផ្ដល់បណ្ណកម្មសិទ្ធិដល់ពួកគាត់ ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្ដែង ៕
