មណ្ឌលគិរី : ពុំមានវត្តមានលោក យន់ សារោម អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីចូលរួមឡើយ , តែពិធីតែងតាំងប្រធានមន្ទីរថ្មីកាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសរីករាយនិងស្និតស្នាល ។
លោក ធន សារី ដែលទើបត្រូវបានប្រកាសជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឡើងប្តេជ្ញាចិត្តជាឨឡារិកថា នឹងខិតខំយកអស់ពីកម្លាំងកាយចិត្ត ដឹកនាំមន្ត្រីក្នុងការអនុវត្តការងារអភិវឌ្ឍន៍ជនបទក្នុងខេត្ត មណ្ឌលគិរី ដោយបន្តរក្សាសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែក អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យ ក្នុងការកាត់បន្ថយវិសមភាពសង្គម និងលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់ នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ។
សូមបញ្ជាក់ថា ទោះបីជាលោក យន់ សារោម អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីពុំមានមុខក្នុងពិធីកាលពីព្រឹកមិញក្ដី ប៉ុន្តែប៉ុន្មានថ្ងៃមុននេះរូបថតរបស់លោកត្រូវបានគេផុសយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មាន ពីការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងប្រើប្រាស់តួនាទីនិងការងាររបស់ខ្លួនជាមធ្យោបាយច្បាមយកដីរដ្ឋ និងដីរាស្ត្រនៅតំបន់មួយចំនួនក្រោមគម្រោងអភិវឌ្ឍន៍ជនបទ ។
ជាមួយគ្នាក៏មានការទាមទារផងដែរ ឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើកកម្មសិទ្ធិដីធ្លីរបស់អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបណ្ឌលគិរីរូបនេះ ដើម្បីផ្ដល់យុត្តិធម៌ឲ្យរាស្ត្រ និងយកដីរដ្ឋមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ ហើយអនុវត្តច្បាប់ទៅលើជននេះដោយពុំគួរអត់ឱនឲ្យឡើយ ៕

ពីឆ្វេងទៅស្ដាំលោក ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដែលទើបតែងតាំងថ្មី
