ព្រះសីហនុ៖ បុរសអ្នកនេសាទជនជាតិខ្មែរ ៦នាក់ ដែលលិចទូកចំនួន ៣គ្រឿង ប្រភេទកន្ទុយវែង វៃមងក្ដាម នៅកណ្តាលសមុទ្រ ម្តុំនៅចំណុចអាវយ៉ៃ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានអ្នកនេសាទដូចគ្នាជួយស្រង់ បន្ទាប់មក ត្រូវបានក្រុមការងារអូប័រពេទ្យល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅទទួលយក ដើម្បីបញ្ជូនយកមកដីគោកក្រុងព្រះសីហនុវិញ ជួបក្រុមគ្រួសារ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកទាំង៣គ្រឿង បានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង ៦នាក់ ត្រូវបានទូកនេសាទដូចគ្នា ដែលនៅក្បែរកន្លែងកើតហេតុ ជួយស្រង់ រួចក៏បានរាយការណ៍ទៅក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ឲ្យជួយចេញអូប័រទៅទទួលយក ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។
ទូកទាំង ៣គ្រឿងដែលលិចទឹកសមុទ្រនោះ ៖
-ទូកទី១ ទូកកន្ទុយវែង ពណ៍ត្រួយចេក បណ្តោយប្រវែង ១២ម៉ែត្រ ទទឹង ២.៥០ម៉ែត្រ ម៉ាស៉ីនម៉ាកអ៉ីស្គី ម្ចាស់ទូកឈ្មោះ ផល ហយ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ មុខរបរនេសាទ កូនដៃទូក ឈ្មោះ តា សុខ ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល ៥៦ឆ្នាំ ។
-ទូកទី២ ទូកកន្ទុយវែង ពណ៌ត្រួយចេក បណ្តោយ ១១.៥០ម៉ែត្រ ទទឹង ២ម៉ែត្រ ម៉ាស៉ីនម៉ាក់ ហុងដា ម្ចាស់ទូកឈ្មោះ វន សាវុធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ កូនដៃទូក ឈ្មោះ វុធ រ៉ាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ។
-ទូកទី៣ ទូកកន្ទុយវែង ពណ៌សម្បកឪឡឹក បណ្តោយ ១១.៥០ម៉ែត្រ ទទឹង ២ម៉ែត្រ ម៉ាស៉ីនម៉ាក អ៉ីស្គី ម្ចាស់ឈ្មោះ ឈឿន វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ កូនដៃទូកឈ្មោះ ឈឿន វិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ។
អ្នកនេសាទទាំង ៦នាក់ ស្នាក់នៅទំនប់រលក ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ ដែនសមុទ្រ
