មណ្ឌលគិរី : ការដ្ឋានស្ថាបនាផ្លូវបេតុងប្រកបដោយគុណភាពចំនួន៣ខ្សែ បានចាប់ផ្ដើមកាលពីព្រឹកមិញ (១៣/០៨ /២៤) នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ និងក៏ជាចំណែកដ៏សំខាន់ជួយលើកសោភណ្ឌភាពខេត្តភាគឦសានមួយនេះឲ្យកាន់តែប្រសើរផងដែរ ។
លោក នុត បឿន អភិបាលរងក្រុងសែនមនោរម្យបានថ្លែងថា ផ្លូវប៉េតុង៣ខ្សែដែលមានប្រវែងសរុបប្រមាណ ១ពាន់ ម៉ែត្រនេះបានមកពីកញ្ចប់ថវិកាជាតិដែលសល់កាលពីឆ្នាំទៅ ។ លោកថា អាជ្ញាធរ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតាមលទ្ធភាពដែលមាន ប៉ុន្តែអ្វីដែលផ្ដោតសំខាន់នោះគឺគុណភាព ។
លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ បានបន្ថែមថា ផ្លូវនេះមានកម្រាស់១តឹកកន្លះ(15cm) ទ្រដោយឆ្អឹងដែកទំហំ១០លី ។ លោកថា គម្រោងនេះត្រូវបានអនុវត្តប្រកបដោយគណនីយភាព និងតម្លាភាព ពោលគឺគ្មានឡើយពាក្យដែលហៅថាការិយាធិបតេយ្យ ឬការជ្រៀតជ្រែកពីអំពើពុករលួយតាមគ្រប់រូបភាព ។ យ៉ាងណាក៏ដោយចៅសង្កាត់រូបនេះបានបញ្ជាក់ថា ដើម្បីរក្សាបាននូវភាពគង់យូរអង្វែង ចាំបាច់ពលរដ្ឋទាំងអស់ត្រូវតែចាត់ទុកថា សមិទ្ធិផលទាំងនេះជារបស់ខ្លួនហើយត្រូវតែរួមគ្នាថែរក្សា ការពារទាំងអស់គ្នា ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរីគឺជាខេត្តមួយ នៃខេត្តចំនួន៤របស់ប្រទេសកម្ពុជាដែលស្ថិតក្នុងគម្រោងត្រី កោណអភិវឌ្ឍន៍ (CLV) ។ ជាមួយផ្លូវពត់ពេនដូចពស់ពណ៌បៃតងដ៍ទាក់ទាញ កំណាត់ផ្លូវបេតុងតូចៗក្នុងក្រុងសែនមនោរម្យ នៃខេត្តនេះ ក៏បានផ្ដល់នូវភាពក្សេមក្សាន្តខាងផ្លូវចិត្តសម្រាប់ពួកអ្នកទេសចរផងដែរ ៕
