មណ្ឌលគិរី : ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរី ជិត២រយ នាក់ នាព្រឹកថ្ងៃទី ១៥ សីហា ឆ្នាំ ២០២៤ នេះ បានជួបជុំគ្នាប្រារព្ធពិធីនៅរមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងដង្ហែក្បួន ដើម្បីចូលរួមអបអរសាទរទិវា អន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០សម្រាប់កម្ពុជា ។ ពិធីប្រព្រឹត្តទៅក្រៅប្រធានបទ “ការការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។
លោក ក្រាំង តុលា ជនជាតិដើមភាគតិចព្នងបានថ្លែងកត់សម្គាល់ថា គិតតាំងពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្នយើងឃើញថា ទាំងថ្នាក់ដឹកនាំក្រោមជាតិ និងថ្នាក់ជាតិ មានការយកចិត្តទុកដាក់ខ្លាំងចំពោះជនជាតិដើមភាគតិច , ជាពិសេសសារផ្ញើជូនបងប្អូនជនជាតិដើមភាគតិចដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីសប្តាហ៍កន្លងទៅ ដែលត្រូវបានលោកចាត់ទុកថា ជាប្រវត្តិសាស្ត្រ ។ ប៉ុន្តែយ៉ាងណាលោក ក្រាំង តុលា បានទទួចឲ្យមានការស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធសិទ្ធិរបស់ជនជាតិដើមភាគតិចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
សារចំនួន៣ ទំព័រកាលសប្តាហ៍កន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចស្របតាម រដ្ឋធម្មនុញ្ញ ដោយមានការយកចិត្តទុកដាក់ផ្ដល់តម្លៃដល់ជនជាតិដើមស្មើៗគ្នាដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ក្នុងនោះមានដូចជាការ ការពារ និង អភិរក្សវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និង ភាសា រួមទាំងការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមផងដែរ ៕

Oplus_131072
