មណ្ឌលគិរី : អំឡុងចុះពិនិត្យគម្រោងធនធានទឹកសម្រាប់ពហុវិស័យក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម (CLV-DTA) កាលពីព្រឹកថ្ងៃទី ១៧ សីហា នេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាប្រព័ន្ធទំនប់អាងទឹកអូរតេ ក្នុងស្រុកអូរាំង និងទំនប់លើទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី នឹងធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ខេត្តភាគឦសាន ។
លោក ថោ ជេដ្ឋា បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ទំនប់អាងទឹកដ៏ធំទាំងពីរនេះ គឺជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នាលោករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា គម្រោងនេះក៏នឹងជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅ នៃភពផែនដី ។ សូមបញ្ជាក់ថា ប្រព័ន្ធទំនប់ និងអាងស្តុកដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកទឹកស្អាតប្រមាណ១២ លានម៉ែត្រគូបនេះ ត្រូវបានស្ថាបនាឡើងដោយប្រើប្រាស់ថវិកាជាតិ ក្នុងគោលដៅ បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានប្រទេសកម្ពុជា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)៕
