ភ្នំពេញ: ១២ខែ ដោយរាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុប៣៩១គម្រោង ក្រោមទុនវិនិយោគ៧ ៥៧០លានដុល្លារ ។ នេះបើតាមលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារខុនដូ KY iCenter និងបើកការដ្ឋានសាងសង់អគារ Picasso II នាថ្ងៃទី២២ ខែសីហា នេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សម្រាប់រយៈពេល១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) ដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧ ៥៧០ លានដុល្លារអាមេរិក»។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងវិនិយោគទាំង៣៩១នេះ អាចបង្កើតការងារ បានចំនួនប្រមាណ៣៤ម៉ឺនកន្លែង បើធៀបនឹងរយៈពេល១២ខែ ចុងក្រោយ អាណត្តិទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគ មានការកើន ឡើង ១៦៨ គម្រោង ស្មើនឹងប្រមាណ៧៥%, ទុនវិនិយោគកើនឡើងជាង ៤ ៦៧២ លានដុល្លារអាមេរិក ស្មើប្រមាណ ១៦១% ៕
