មណ្ឌលគិរី : សំណុំរឿងដ៏ជម្រូងចម្រាស់ពាក់ព័ន្ធការកាត់ឆ្វៀលដីចំណុចភ្នំ៤១ ដែលមានទីតាំងនៅក្នុងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅឲ្យបុគ្គលឈ្មោះ ម៉េង ហេង តាមរយៈបាតដៃរដ្ឋបាលខេត្តមណ្ឌលគិរី ពេលនេះត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាឲ្យផ្អាក ហើយរង់ចាំទទួលសំណើរជាថ្មីពេលដែលមានការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួចរាល់ ។
យោងតាម ស.ជ.ណ លេខ ១០៩៩ ចុះថ្ងៃទី ៩ សីហា ឆ្នាំ ២០២៤ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ការផ្អាកនេះគឺដោយយោងទៅលើចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពឱ្យដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួចរាល់ជាមុនសិន បន្ទាប់មកទើប ធ្វើការស្នើសុំជាថ្មីម្តងទៀត ។
សូមរំឭកថា ដោយក្ដីស្រលាញ់តំបន់ភូមិភាគឦសានពលរដ្ឋ១១គ្រួសារបានទិញដីឡូតិ៍នៅចំណុចខាងលើដែលមានបង្គោលរបងថ្មរ ព័ទ្ធខ្សែលួសជាស្រេច ពីបងប្អូនជនជាតិដើមភាគតិចកាលពីឆ្នាំ ២០២១ ដោយខ្លះបានសង់ផ្ទះនិងដាំដំណាំ នៅលើដីរៀងៗខ្លួន ។ មកដល់ពាក់កណ្ដាលឆ្នាំ ២០២៣ ស្រាប់តែមានមនុស្សមកសាងសង់របងក្លោងទ្វារនិងចាក់សោរមិនឲ្យម្ចាស់ផ្ទះ ម្ចាស់ដីចេញ-ចូលទៅកាន់ផ្ទះ និងដីរបស់ខ្លួន ។ ការនេះបានធ្វើឲ្យពលរដ្ឋ ១១ គ្រួសារជាម្ចាស់ដីដាក់ពាក្យស្នើសុំអន្តរាគមន៍ពីគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តមណ្ឌលគិរី ។
នៅថ្ងៃទី ៥ តុលា ឆ្នាំ ២០២៣ គណៈកម្មការដែលដឹកនាំដោយអភិបាលរងខេត្តមណ្ឌលគិរីមួយរូបគឺលោក ចាន់ រតនា បានចាប់ផ្ដើមដំណើរការដោះស្រាយ , តែពុំទទួលបានផ្លែផ្កាអ្វីឡើយ ។ ក្នុងស្ថានភាពបែបនេះ អ្វីដែលធ្វើឲ្យពលរដ្ឋទាំង ១១ គ្រួសារភ្ញាក់ផ្អើល ស្រឡាំងកាំងបំផុតនោះគឺ ស្ងាត់ៗរដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី ២ វិច្ឆិកាឆ្នាំ ២០២៣ បែរជាដាក់លិខិតស្នើទៅទីស្តីការគណៈរដ្ឋមន្ត្រីសុំកាត់ឆ្វៀលផ្ទៃដីខាងលើទៅឲ្យបុគ្គលឈ្មោះ ម៉េង ហេង ។
យ៉ាងណាគេកត់សម្គាល់ឃើញថា គណៈកម្មការដែលដឹកនាំដោយលោក ចាន់ រតនា នេះនៅតែដំណើរការដោះស្រាយបើទោះបីពេលខ្លះរយីករយាកត្រូវអូសគូទតាមភាគីលោក ម៉េង ហេង ក្ដី ។ ដោយឆ្លងកាត់ការសម្របសម្រួលយ៉ាង ហោចណាស់ ៥លើក ភាគីទាំងពីរបានឈានដល់ការត្រូវរ៉ូវគ្នា និងធ្វើកិច្ចសន្យាទិញ-លក់ ។ ប៉ុន្តែគួរឲ្យសោកស្ដាយភាគីលោក ម៉េង ហេង ពុំបានគោរពកាតព្វកិច្ច នៃកិច្ចសន្យានោះឡើយ ។ ហើយទីបំផុតគឺនៅថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០២៤ លោក ម៉េង ហេង បានស្នើសុំដកខ្លួនចេញពីការសម្របសម្រួលទាំងស្រុងតែម្ដង។
ក្នុងស្ថានភាពបែបនេះដែលពលរដ្ឋទាំង ១១ គ្រួសារមើលឃើញថា ភាគីទំនាស់របស់ពួកគាត់ពុំមានភាពស្មោះត្រង់ មានចេតនាទុច្ចរិត ពួកគាត់ក៍បានដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃទៀត ធ្វើយ៉ាងណាផ្ដល់យុត្តិធម៌ ដោយសម្រេចអនុញ្ញាតឲ្យពួកគាត់ បានចូលទៅកាន់ផ្ទះសម្បែង និងអាស្រ័យផល នៅលើដីធ្លីដែលជាតំណក់ញើសឈាមរបស់ពួកគាត់ដូចដើមវិញ ៕
