មណ្ឌលគិរី : ផ្លូវបេតុងប្រកបដោយគុណភាពចំនួន ៣ ខ្សែក្នុងភូមិអូរស្ពាន ដែលទើបស្ថាបនារួច ត្រូវបានក្រុមមន្ត្រី នៃសាលាសង្កាត់ស្ពានមានជ័យ នៃក្រុងសែនមនោរម្យដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅ ជាចំណងដៃសម្រាប់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ផ្លូវបេតុងដែលមានប្រវែងសរុបប្រមាណ១ពាន់ម៉ែត្រនេះត្រូវបានស្ថាបនាដោយមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ បើទោះបីជាមានការធានាគុណភាពរយៈពេល ៦ ខែពីក្រុមហ៊ុនសាងសង់ផ្លូវក្ដី តែលោកថា នឹងឱ្យក្រុមមន្ត្រីឃ្លាំមើលជានិច្ច ពីភាពជាប់មាំ នៃផ្លូវ ដើម្បីឲ្យពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។
ដោយត្រូវបានចាត់ទុកជាអត្ថិភាព និងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិការសាធារណៈ នាពេលកន្លង ទៅ លោកចៅសង្កាត់ថា ឆ្នាំ ២០២៥ ខាងមុខ លោកនឹងស្ថាបនាផ្លូវប៉េតុងមួយខ្សែទៀត នៅក្នុងភូមិចំការតែដែលមានប្រវែងជាង៣៤០ម៉ែត្រ ។ ជាចក្ខុវិស័យលោក គុជ ម៉េងធូ ថា អនាគតលោកចង់ឃើញកំណាត់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានរបស់លោកត្រូវបានក្រាលគ្របដោយបេតុង។ លោកបន្ថែមថា លោក និងក្រុមមន្ត្រី ប្ដេជ្ញាយកអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសង្កាត់ស្ពានមានជ័យឲ្យបានកាន់តែប្រសើរ ប្រកបដោយមោទនភាព ។
សូមបញ្ជាក់ថា ដោយមានកិច្ចប្រឹងប្រែងពីថ្នាក់ដឹកនាំខេត្ត និងមូលដ្ឋាន ប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យខេត្តមណ្ឌលគិរីភាគឦសាន នៃកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៍ទាក់ទាញបំផុតទាំងពលរដ្ឋខ្មែរ និងបរទេស ។ ក្នុងអារម្មណ៍ពួកគេពេលនេះ មណ្ឌលគិរី ឈប់ជាខេត្តដាច់ស្រយាល ឬនៅឆ្ងាយទៀតហើយ ៕
