Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ពិធីប្រកាសតែងតាំង លោក សន សុីផល ជាប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ប្លែក វ៉ារី  ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយសផងដែរ។

ពិធីនេះបានធ្វើឡើង នៅសាលាខេត្តបន្ទាយមានជ័យ គឺអនុលោមតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨០៤ សហវ ប្រក អពដ ដោយ លោក សន សុីផល ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី ជំនួស លោក ព្រឹម សាលី ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួង។

តាមរបាយការណ៍របស់ លោក ព្រឹម សាលី ប្រធានសាខាពន្ធដាដែលត្រូវទៅបំរើការនៅអគ្គនាយកដ្ឋានពន្ធដា បានរាយការណ៍ស្តីពីការដឹកនាំរបស់លោកអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ លោកបានសម្រេចបានការប្រមូលពន្ធជូនរដ្ឋមានការកើនឡើងជារៀងរាល់ឆ្នាំ និងរក្សាបាននៅការសាមគ្គីផ្ទៃក្នុងបានយ៉ាងល្អ។

ជាមួយគ្នានោះ លោក សន សុីផល ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មីក្នុងឱកាសប្រកាសចូលកាន់តំណែងបានប្តេជ្ញាចិត្តបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យបានច្រើនតាមផែនការនិងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋាភិបាល និងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សាមគ្គីភាពផ្ទៃអោយកាន់តែល្អប្រសើរថែមទៀត ។

លោក អ៊ុំ រាត្រី ក្នុងនាមជាអភិបាលខេត្តបានធ្វើការវាយតម្លៃនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានពន្ធដាខេត្តបន្ទាយមានជ័យចាស់ក្នុងនោះលោកធ្វើការលើកទឹកចិត្តដល់លោកព្រឹម សាលី ដែលបានឡើងទៅបំរើការងារនៅក្រសួង។ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានពន្ធដាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អ និងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់។

ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម កែន សម្បត្តិ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព។

ឯកឧត្តមបានបន្តថា មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕ ដោយ ដែនសមុទ្រ

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...