Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

សិស្សានុសិស្សជាង ២០០នាក់ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយជាសម្ភារៈសិក្សា និងកង់ ពីសប្បុរសជននៅប្រទេសចិន

សៀមរាប៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះសិស្សានុសិស្សចំនួន ២០០នាក់ មកពីសាលាចំនួន៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលអំណោយជាសម្ភារៈសិក្សា និងកង់ ពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមសុីវិល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលពិធីទទួលនេះធ្វើឡើងក្រោមវត្តមាន លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និង លោក រិន ឡូត អភិបាលស្រុក រួមនឹងតំណាងម្ចាស់អំណោយ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក ចាង សិនយៀក (Zhang Shenyue) តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានបង្ហាញថា កន្លងមកក្រុមការងារតែផ្ដល់អំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សជាបន្តបន្ទាប់នៅក្នុងស្រុកបន្ទាយស្រី។ ជាក់ស្ដែងការផ្ដល់អំណោយនាពេលនេះ គឺជាការចូលរួមសម្រួលការលំបាក និងជីវភាពរបស់ប្អូនៗសិស្សានុសិស្សនៅតាមតំបន់ជនបទ ឱ្យពួកគាត់មានសម្ភារៈសម្រាប់សិក្សា និងធ្វើដំណើរមកសាលារៀន ហើយក៏ជាកត្តាជួយកាត់បន្ថយកត្តាបោះបង់ការសិក្សារបស់កុមារតាមតំបន់ជនបទ។

លោក ចាង យ៉ុង (Zhang Rong) តំណាងក្រុមហ៊ុន Hello Inc បានឱ្យដឹងថា តាមរយៈអំណោយជាសម្ភារៈសិក្សា និងកង់ ដែលបានផ្ដល់ជូននេះ វានឹងជួយសម្រួលបានមួយកម្រិតក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃរបស់ប្អូនៗ ពិសេសសិស្សានុសិស្សដែលមានលំនៅដ្ឋានឆ្ងាយពីសាលារៀន ហើយមានជីវភាពខ្វះខាត អាចមានសម្ភារៈសិក្សាប្រើប្រាស់ និងធ្វើដំណើរ។ ក្នុងនោះសូមឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យក្លាយជាក្មេងល្អ សិស្សពូកែ ព្រោះមានតែចំណេះវិជ្ជាតែមួយគត់ដែលអាចជួយកូនៗកសាងខ្លួនមានអនាគតល្អ ក្លាយខ្លួនជាទំពាំងស្នងឬស្សី ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោក លីវ វិនជឺ តំណាងមូលនិធិកចិន Peach Land មានប្រសាសន៍ថា តាមរយៈការផ្ដល់អំណោយដល់កុមារកម្ពុជានាពេលនេះ វានឹងក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ទំនាក់ទំនងយ៉ាងសំខាន់រវាងប្រទេសទាំងពីរ តាមរយៈអំណោយនាពេលនេះ មិនត្រឹមតែអនុវត្តសកម្មភាពដែលឆ្លើយតបនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាកសាងសហគមន៍ អនាគតរួមគ្នា បង្ហាញភាពស្និតស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងអំណរគុណដល់សប្បុរសជនប្រទេសចិន ដែលជានិច្ចកាលតែផ្ដល់អំណោយជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ដល់សិស្សានុសិស្សក្នុងស្រុកបន្ទាយស្រីជាបន្តបន្ទាប់ ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការជំរុញវិស័យអប់រំពីទីក្រុងដល់ជនបទ។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមគ្រូពេទ្យនៃខេត្តយូណាន ប្រទេសចិន ក៏បានចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃក្នុងស្រុកបន្ទាយស្រី ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើត ដើម្បីយកទៅព្យាបាលនៅប្រទេសចិន។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវតាមដានរាល់សកម្មភាពកូនៗរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់បញ្ជូនកូនទៅសាលារៀនឱ្យពួកគាត់បានរៀនសូត្រគ្រប់ៗគ្នា ព្រោះពួកគាត់នេះហើយ គឺសុទ្ធតែជាអ្នកដឹកនាំប្រទេសជាបន្តនាថ្ងៃអនាគត៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...