Connect with us

Hi, what are you looking for?

ដំណឹងក្នុងស្រុក

ពលរដ្ឋទទូចឲ្យមានការជួយជួសជុលផ្លូវ ភាគីពាក់ព័ន្ធឆ្លើយដាក់គ្នា

មណ្ឌលគិរី៖ ពលរដ្ឋជិត២រយគ្រួសាររស់នៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅបានលើកគ្នាទទូចទាមទារឲ្យមានការជួយជួសជុលផ្លូវប្រមាណ ១០ គីឡូម៉ែត្រភ្ជាប់មកក្រុងសែនមនោរម្យដែលរងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែភាគីពាក់ព័ន្ធបានត្រឹមតែឆ្លើយដាក់គ្នា ។

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ផ្លូវលំមួយខ្សែនេះកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទកាលពីឆ្នាំ២០១៨ ប៉ុន្តែដោយសារជំនន់ទឹកភ្លៀងបច្ចុប្បន្នផ្លូវនេះរងការខូចខាតយ៉ាង ធ្ងន់ធ្ងរ ដែលពិបាកខ្លាំងសម្រាប់ការដឹកកសិផល ពិសេសស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺ ដែលត្រូវបញ្ជូនមកសង្គ្រោះព្យាបាលនៅក្រុងសែនមនោរម្យ ។

អ្នកភូមិបានឲ្យដឹងទៀតថា កន្លងទៅពួកគាត់ឮថា ក្រុមហ៊ុនរមណីយដ្ឋានអូរតាំងឡាំង របស់លោក វឿង ប្រយុទ្ធ បច្ចុប្បន្នជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដែលទទួលបាន ផលប្រយោជន៍ច្រើនពីតំបន់របស់ពួកគាត់ ជាអ្នករ៉ាប់រងក្នុងការជួសជុល តែគ្មានទេ ។

ទាក់ទងបញ្ហាខាងលើលោក យន់ សា រ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ផ្លូវមួយខ្សែនេះលោកបានដំណឹងថា ខូចខាតជាច្រើនកន្លែងពិតមែន ប៉ុន្តែរដ្ឋបាលខេត្តមណ្ឌលគិរី បានអនុញ្ញាត ឲ្យទៅក្រុមហ៊ុនរមណីយដ្ឋានអូរតាំងឡាំងដូច្នេះហើយលោកមិនអាចជួសជុលអភិវឌ្ឍឡើងវិញបានទេ ។ លោកបញ្ជាក់ថា រមណីយដ្ឋាននៅតំបន់នោះ ខេត្តបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគ ហើយផ្លូវដែលរងកាខូចខាតជាបន្ទុករបស់ក្រុមហ៊ុនអ្នកទទួលខុសត្រូវ រ៉ាប់រងក្នុងការជួសជុលស្ថាបនាឡើងវិញ។

 លោក វឿង ប្រយុទ្ធ នាយកក្រុមហ៊ុនរមណីយដ្ឋានអូរតាំងឡាំង បានឲ្យដឹងថា លោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ ។ លោកថា  រឿងផ្លូវនេះពុំមែនជាជំនាញរបស់លោកទេ សួរទៅមន្ទីរអភិវឌ្ឍន៍ជនបទ ឬមន្ទីរសាធារណៈការវិញ។

 យ៉ាងណាអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ បានឱ្យដឹងថា លោកនឹងជួបជជែកជាមួយភាគីពាក់ព័ន្ធ ទាំងខាងក្រុមហ៊ុន និងមន្ទីរជំនាញ ឲ្យដឹងច្បាស់ថា ជាបន្ទុកខាងណាក្នុងការជួសជុល  ដើម្បីជួយសម្រួលដល់ពលរដ្ឋនៅទីនោះ៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...