ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីពួកគេបានបន្លំជាសមត្ថកិច្ច ជម្រិតទាប្រាក់ពីជនជាតិខ្មែរ និងជនជាតិចិន ក្នុងភូមិសាស្ត្រសង្កាត់លេខ ៣ និងសង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ។
ជុំវិញករណីនេះផងដែរ បើយោងតាមរបាយការណ៍សមត្ថកិច្ចបានដោយដឹងថា នៅថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ដោយ មានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មានគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជ អាវុធហត្ថ និងឯកសណ្ឋាននគរ បាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ។ ចាប់ថ្ងៃ ទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៥ កម្លាំងជំនាញកងរាជ អា វុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើប អង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្ត បន្ទាប់ចំនួន ៥នាក់ មានដូចខាង ក្រោម៖
១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន ៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន ៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន ៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។
ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចយើងខ្ញុំ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕ ដោយ ដែនសមុទ្រ
