ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិចំនួន ៣ នៃសង្កាត់បិតត្រាំង រួមមាននិង ភូមិគគី ឃុំពូធឿង ភូមិចំណោត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅបរិវេណវត្តព្រៃនប់ ខេត្តព្រះសីហនុ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងសង្កាត់បិតត្រាំង ខេត្តព្រះសីហនុ ជាលទ្ធផលនៃការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ ស្ថិតនៅសង្កាត់បិតត្រាំង នាថ្ងៃនេះ ចំនួនក្បាលដីដែលគណ:កម្មការរដ្ឋបាលបានលើកសំណើរផ្តល់សិទ្ធិជាកម្មសិទ្ធិ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ។ បណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាម្នាក់់មកដកហូត ឬរំលោភយកបានឡើយ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់ក្បាលដី តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអបអរសាទរពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិទាំងបីនៃសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងទទួលបាននូវសេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមសាន្ត ក្រោមម្លប់នៃសន្តិភាព។ ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អគួរជាទីមោទក ទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងទៅជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពុះពារបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជា សហសម័យ ដើម្បីតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាអារ្យប្រទេស ។
ឯកឧត្តម អភិបាលខេត្ត ជឿជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ធ្វើឪ្យទំនាស់ដីធ្លីអាចនឹងត្រូវកាត់បន្ថយបានជាច្រើនផងដែរ និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋត្រូវរក្សាបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះឪ្យបានត្រឹមត្រូវ ព្រោះវាមានតម្លៃសម្រាប់ឪ្យបងប្អូនយកទៅប្រើប្រាស់តាមផ្លូវច្បាប់៕ ដោយ ដែនសមុទ្រ
