ក្រចេះ : ពលរដ្ឋដែលរកស៊ីដឹកទំនិញ ពិសេសដឹកកសិផលតាមរថយន្តធំៗ បានត្អូញត្អែរយូរហើយ ពីស្ថានីយ៍ថ្លឹងរថយន្តមួយដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលប្រើគ្រប់ល្បិចក្នុងការកៀបជម្រិតទារលុយពួកគាត់តាមរបៀបឆៅ ។
ពួកគាត់បានខ្សឹបថា ឱ្យតែឡានធំៗ ពេលខ្លះគ្រាន់តែសំបកឡានសោះ ក៏ពួកលោកធំដែលប្រចាំការនៅទីនោះបញ្ជាឱ្យឡើងជញ្ជីង ហើយកេះគាវលុយបាយទឹកដែរ ។ តាមការកត់សម្គាល់របស់ពួកគាត់ ដែលដឹកទំនិញឆ្លងកាត់ទីនោះយូរឆ្នាំហើយថា លុយចូលរដ្ឋដែលបានមកពីការផាករថយន្តដឹកលើសទម្ងន់ហាក់មានតិចតួចទេ តែលុយចូលហោប៉ៅលោកធំនៅទីនោះច្រើនជាង ។ ពួកគេមិនដែលខ្វល់ពីប្រសិទ្ធភាព នៃការផាកពិន័យក្នុងគោលដៅឱ្យការដឹកមានកំណត់ដើម្បីរក្សាភាពយូរអង្វែង នៃផ្លូវឡើយ គឺធ្វើយ៉ាងណាឱ្យតែបានលុយ ដែលបានប្រែក្លាយប៉ុស្តិ៍ត្រួតពិនិត្យទម្ងន់រថយន្ត ទៅជាមុខរបរដ៏គួរឲ្យអៀនខ្មាស់ ។
ប្រភពថា ទង្វើនេះមិនប៉ះពាល់ដល់អ្នករកស៊ីប៉ុន្មានទេ តែវាបានជះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ដល់កសិករ និងជាតិ ។ ព្រោះថា ដើម្បីបានលុយមកបង់ឲ្យអំពើពុករលួយនៅស្ថានីយ៍ជញ្ជីង ឈ្មួញត្រូវទម្លាក់ថ្លៃកសិផល ធ្វើឱ្យកសិករទឹកភ្នែកងើបបះបោរតវ៉ា , ចំណែករដ្ឋបាត់បង់ចំណូល និងខ្ទេចខ្ទាំផ្លូវ ។
ស្ថានភាពបែបនេះបានកើតមានជាយូរមកហើយ តែដូចជាត្រជាក់ល្ហឹមពុំមានចំណាត់ការអ្វីទាំងអស់ ដែលហាក់បានផ្ដល់ឱកាសឲ្យភ្នាក់ងារជញ្ជីងថ្លឹងរថយន្តខាងលើប្រព្រឹត្តអំពើផ្ដេសផ្ដាសតាមរបៀបជិះសេះលែងដៃ ។ យ៉ាងណាក្ដីដើម្បីស្រោចស្រង់ទំនុកចិត្តពីរាស្ត្រម្ចាស់ឆ្នោត ក្រុមអ្នករកស៊ីដឹកទំនិញ បានសំណូមពរដល់សាម៉ីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផង ចុះត្រួតពិនិត្យជាក់ស្ដែង ហើយចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាពមិនប្រក្រតីដោយមិនគួរអនុគ្រោះទៀតឡើយ ព្រោះស្ថានការណ៍ធ្លាក់ដល់សភាពយ៉ាប់ទំញោហើយ។ ៕
