មណ្ឌលគិរី : ចម្រៀកខ្លះ នៃផ្ទៃដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ហូរលីង ខូអិលធីឌី ដែលពុំបានធ្វើអ្វីសោះ ជាពិសេសនៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដែលខ្វះដី ចូលទៅតាំងទីរស់នៅ និងអាស្រ័យផល ខ្លះតាំងតែពីដើមឆ្នាំ ២០២០ រហូត ដល់បច្ចុប្បន្ន ។
ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើល និងហួសចិត្តដែលផ្ដើមកាលពីឆ្នាំ២០២៣កន្លងទៅ គឺមានសំណុំរឿងចំនួនពីរ នោះគឺសំណុំរឿងឈ្មោះ ម៉េង ហេង ដែលស្នើសុំកាត់ឆ្វៀលដីនៅចំណុចភ្នំខ្សែ៤១ ស្ថិតក្នុងភូមិអូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលពលរដ្ឋកំពុងរស់នៅ ។ ប៉ុន្តែទីបំផុតទៅរឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ ត្រូវបានគណ:រដ្ឋមន្ត្រីបដិសេធតាមរយៈ ស.ជ.ណ លេខ ១០៩៩ ចុះថ្ងៃទី៩ សីហា ឆ្នាំ ២០២៤ ដោយរុញឲ្យដោះស្រាយជាមួយពលរដ្ឋសិន ។
សំណុំរឿងទីមួយមិនទាន់ចប់ស្រួលបួលផង ក៏ធ្លាក់ចូលដល់រឿងគួរឱ្យអស់សំណើចទីពីរ នោះគឺឈ្មោះ ឈាង ប៉ាក់សួរ មិនដឹងចេញពីក្រហែងណាមកអះ អាងថា គេមានផ្ទៃដីជិត៣រយ ហិចតា ដែលបានចុះលេខក្បាលដី និងលិខិតស្នាម ត្រឹមត្រូវ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
រឿងរ៉ាវនេះហាក់ដូចជាក្រវេមក្រវាមវែងឆ្ងាយបន្តិច ខណ: ដែលគេដឹងថា មានមន្ត្រីខេត្តខ្លះ រួមទាំងថ្នាក់អភិបាលរងផងបានលេងល្ខោន លក់សណ្ដែកដី គំរាមសម្លុតពលរដ្ឋផងសម្របសម្រួលផង ឱ្យបែង ចែកដីធ្លីដែលខ្លួនកំពុងកាន់កាប់អាស្រ័យផល ជាមួយឈ្មោះ ឈាង ប៉ាក់សួរ ។ ការណ៍នេះ បានធ្វើឲ្យពលរដ្ឋខ្លះបះរោមរ៉ុយៗដែរ តែខ្លះទៀតក៏សួរថា តើមន្ត្រីណាខ្លះថ្លើមធំ ហ៊ានចេញលិខិតកាត់ដីរដ្ឋប្រគល់ឲ្យបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ ?
ប៉ុន្តែតាមការពិតពិនិត្យឲ្យសម្រេចទៅរឿងរ៉ាវមិនមែនវែងអន្លាយឆ្ងាយដូចជើងមេឃ តាមការលើកឡើងរបស់លោកធំខេត្តខ្លះឯណា វាគ្រាន់តែជារឿងកន្ទុយអណ្ដើកសោះ ខណៈកាលពីចុងសប្តាហ៍កន្លងទៅគេឃើញលិខិតលេចធ្លាយមួយចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ផ្ញើទៅទីស្ដីការគណៈរដ្ឋមន្ត្រីរបស់ឈ្មោះ ឈាង ប៉ាក់សួរ ស្នើសុំកាត់ឆ្វៀលដី ដោយលើកឡើងថា ជាដីគម្របព្រៃឈើឆ្នាំ ២០០២ របស់រដ្ឋ ឬដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ហូរលីង ខូអិលធីឌី ។ ដូច្នេះសបញ្ជាក់ឲ្យឃើញថា ដីដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផល គឺជាដីរបស់រដ្ឋ ទេតើ , មិនមែនដីរបស់ឈ្មោះ ឈាង ប៉ាក់សួរ ឯណា !
ក្នុងស្ថានភាពបែបនេះ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដល់ដីដល់ពលរដ្ឋដែលពុំមានដីធ្លីពិតប្រាកដ មកកាន់តំបន់ត្រី កោណអភិវឌ្ឍន៍ CLV ពួកគាត់បានស្នើសុំឲ្យសម្ដេចពិនិត្យទៅលើស្ថានភាពជាក់ស្ដែង និងចុះធ្វើប្លង់ដីដែលពួកគាត់កំពុងកាន់កាប់រស់នៅបច្ចុប្បន្ន ដើម្បីឲ្យស្របតាមច្បាប់ ៕
