មណ្ឌលគិរី ៖ តាមការខ្សឹបខ្សៀវពីប្រជាពលរដ្ឋថា នគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តមណ្ឌលគិរីដែលគេស្គាល់មុខយ៉ាងណាស់ពីរនាក់បានលោតឆ័ត្រស្ទាក់ចាប់ឡានសាំយ៉ុងដឹកឈើមុខធំបាន១គ្រឿងកាលពីយប់ថ្ងៃទី ៥ កញ្ញា ឆ្នាំ២០ ២៤ នៅចំណុចគីឡូ៣៥តាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ភ្លាមៗដោយមិនបានរាយការណ៍ទៅមន្ត្រីជំនាញព្រៃឈើ និងបរិស្ថាន គេបានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ។ ប្រភពថា ទំនងជាស៊ីមិនដាច់ នៅម៉ោងប្រមាណជិត២ថ្ងៃបន្ទាប់គេក៏ខ្ជាក់រថយន្តល្មើសនោះទៅឲ្យស្នាក់ការបរិស្ថានស្រុកកែវសីមា ចាត់ការ ។
តាមការខ្សឹបថា លោកធំប៉ូលីសសេដ្ឋកិច្ចទាំងពីរនាក់នោះឈ្មោះ ទ្រីសារ៉ា និងស្នា ។ ចំណែកជនល្មើសគឺជាឈ្មួញឈើចាស់វស្សាប្រចាំតំបន់ដែលគេស្គាល់ឈ្មោះ ហ័រ ។ យ៉ាងណានេះជាទិដ្ឋភាពមួយដែលគេកត់សម្គាល់បានថា បទល្មើសព្រៃឈើ នៅតំបន់អាជីវកម្មក៏បូន ក្នុងស្រុកកែវសីមា នៅតែមានសភាពមិនធម្មតា ៕
