Connect with us

Hi, what are you looking for?

ពីនេះ ពីនោះ

ខ្សឹបៗពីនេះ..ពីនោះ..ស្រុកពេជ្រាដាយើងហ្នឹង គគ្រឹកគគ្រេងណាស់ មានល្បែងស៊ីសងគ្រប់ប្រភេទ ក្បែរផ្ទះមេស្រុក

មណ្ឌលគិរី : ល្បែងស៊ីសងជាអំពើខុសច្បាប់ ត្រូវបានបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងមូលដ្ឋាន ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បើគេស្រមៃមើលទៅ វាហាក់ដូច ជាពិធីបុណ្យបញ្ចុះសីមាមួយ ដែលមានល្បែងស៊ីសងគ្រប់ប្រភេទដូចជា យូគី, អាប៉ោង,ជល់មាន់អនឡាញ និងជល់ មាន់រស់លើដី. .និងល្បែងស៊ីសងជាច្រើនទៀត។ អ្នកភូមិ ប្រាប់ថា វាជាចំណង់ចំណូលចិត្តរបស់លោក វណ្ណា ម៉ាប់ អភិ បាលស្រុកពេជ្រាដា..ផងដែរ ។ រីឯថៅកែសង្វៀនអ្នកម៉ៅផ្ដាច់ល្បែងទាំងអស់នេះ គឺលោក សារ៉ូ ម៉ាន់ ដែលបានបោះទីតាំងយ៉ាងរឹងមាំ និងខ្នងបង្អែកយូរឆ្នាំមកហើយ នៅតំបន់ទីប្រជុំជនប៊ូស្រានេះ។

ជាក់ស្ដែងនៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤បណ្ដាជន ដែលស្នេហាវិស័យល្បែងស៊ីសង បានជួបជុំគ្នានៅវេលាម៉ោង ១០ព្រឹក ដូចរាល់សប្តាហ៍កន្លងមក ក្រោមការចាត់ចែងរៀបចំដោយលោក សារ៉ូ ម៉ាន់ ដែលជាថៅកែធំហើយក៏ជាអ្នកវិនិយោគល្បែងស៊ីសងប្រចាំស្រុកពេជ្រជ្រាដានេះផ្ទាល់តែម្ដង។ តាមអ្វីដែលបានកើតឡើង ជាក់ស្ដែងនៅគ្រាកន្លងមក,នៅវេលាម៉ោង ១០ព្រឹក ទីតាំងល្បែងស៊ី សងរបស់លោក សារ៉ូ ម៉ាន់ បានចាប់ដំណើរការ លើកលែងតែថ្ងៃខ្លះ ដែលមានភ្លៀងជោគជាំសម្រាប់ល្បែងមាន់ជល់លើដីមិនអាចដំណើរការបាន។ ប៉ុន្តែល្បែងស៊ីសងផ្សេងទៀតគឺដំណើរការជាធម្មតា។

សេចក្តីរាយការណ៍បានឲ្យដឹងថា ថៅកែល្បែងស៊ី សងប្រចាំតំបន់ប៊ូស្រាបានបោះទុនវិនិយោគ បែងចែក ផលប្រយោជន៍ ឲ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកពេជ្រាដាគ្រប់ផ្នែក,គ្រប់ស្ថាប័ន..ដែលក្នុងនោះលោក វណ្ណា ម៉ាប់ បើទោះបីជាលោកបានចំណាយពេលវេលាច្រើន(ជួនកាលចាញ់,ជួនកាលឈ្នះ)នៅក្នុងវង់ល្បែងជល់មាន់នៅទីនោះក៏ដោយ ក៏លោកសេរ៉ូ ម៉ាន់ ចំណាយប្រាក់ផ្ទាល់ជូនលោកអភិបាលស្រុក ១លាន រៀលក្នុង១ខែ,លោក ផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា១លានរៀល ក្នុង១ ខែ,លោកមេបញ្ជា ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ១លានរៀលក្នុង១ខែ..និងមន្ត្រីថ្នាក់ក្រោមៗ តាមជំនាញមួយចំនួនទៀត។ ចំណែកថ្នាក់ខេត្តមិនដឹងថា បានទទួលលាភសក្ការៈដែរ ឬយ៉ាងណានោះទេ?

ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ និងមាន់ជល់នេះស្ថិត នៅចម្ងាយប្រមាណ៤០០ម៉ែត្រ ខាងស្ដាំដៃផ្ទះលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ។ សមត្ថកិច្ចជំនាញដែលមានភារកិច្ចបង្ក្រាបល្បែងស៊ីសង ត្រូវប្រជាពលរដ្ឋនៅទីនោះអះអាងថា ជាមេឃខ្យល់ក្នុងការអន្ទងហៅអ្នកចូលចិត្តលេងល្បែង ឲ្យមក លេងនៅទីតាំងរបស់លោក សារ៉ូ ម៉ាន់ នោះដែរ។ រីឯលោកវណ្ណា ម៉ាប់ ត្រូវគេរាយការណ៍ថា បានចំណាយពេលវេលាច្រើនម៉ោងនៅក្នុងសង្វៀនជល់មាន់នៅទីនោះដែរ។ កាលពីប៉ុន្មានខែមុនលោក វណ្ណា ម៉ាប់ ត្រូវគេរាយការណ៍ថា បានឈ្នះមាន់ជល់ប្រហែល១០០០ ដុល្លារ យកមកប៉ាវកូនចៅផឹកស៊ីផ្អើលទីប្រជុំជនប៊ូស្រា ។ គេប្រាប់ថា សង្វៀនជល់មាន់នៅទីនោះដាក់ភ្នាល់លុយច្រើនៗណាស់។

លោក ផ្លង ជំនិត អធិការនគរបាលស្រុកបដិសេធថានៅ ក្នុងមូលដ្ឋានស្រុកពេជ្រាដា គ្មានសង្វៀនជល់មាន់ឬល្បែងស៊ីសងទេ ក្នុងពេលដែលមានសេចក្តីរាយការណ៍ខ្សិបខ្សៀវថា លោកគឺជាអ្នកដែលដើរប្រមូលម៉ូយឲ្យចូលលេងល្បែងនៅទីតាំងខាងលើ។ ជាមួយគ្នានេះម្ចាស់វង់គឺលោក សារ៉ូ ម៉ាន់ ប្រាប់អ្នកកាសែតដែរថា លោកឈប់ធ្វើ មេវង់ល្បែងស៊ីសង នៅតំបន់ប៊ូស្រាជាយូរណាស់មកហើយ ស្របពេលដែលកាលពីម្សិលមិញ មានរូបភាពច្បាស់បង្ហាញថា លោកកំពុងមានវត្តមាន នៅចាត់ចែងការងារក្នុងវង់ល្បែងនោះដដែល។

ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត នឹងមានចម្លើយមួយជាក់លាក់ ជូនប្រជាពលរដ្ឋនៅតំបន់ប៊ូស្រា៕

You May Also Like

ដំណឹងក្នុងស្រុក

មណ្ឌលគិរី : ការដ្ឋានស្ថា...